ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​របស់​បុរី វិមាន ភ្នំពេញ ដែល​មាន​ទឹក​ប្រាក់​អភិវឌ្ឍន៍​ជាង ១១៤ លាន​ដុល្លារ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លោក ជា សុផារ៉ា នៅ​ពេល​នេះ​គេ​បាន​សង្កេត​ឃើញ​ថា កំពុង​វិវត្ត​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស។

លោក អ៊ូច ពិសាល ប្រធាន​គម្រោង​អភិវឌ្ឍន៍​បុរី វិមាន ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរី វិមាន ភ្នំពេញ​បាន​ចាប់​ផ្តើម​សាង​សង់​ដំបូង​ក្នុង​ខែ ឧសភា ឆ្នាំ ២០១១ លើ​គម្រោង ទី១​របស់​ខ្លួន​ដែល​មាន​ផ្ទះ​ជាង ៦០០ ដោយ​ការ​សាង​សង់​រហូត​មក​ដល់​ពេល​នេះ​សម្រេច​បាន​ប្រមាណ​ជាង ៧០ ភាគរយ ខណៈ​គម្រោង ទី២ ដែល​មាន​ផ្ទះ​ជិត ៣០០ នោះ​សម្រេច​ការ​សាង​សង់​បាន​ប្រហែល ៥០ ភាគរយ​ផង​ដែរ​។

លោក​បាន​ប្រាប់​ទៀត​ថា ការ​លក់​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​បុរី វិមាន ភ្នំពេញ ពេល​នេះ​កំពុង​មាន​ដំណើរ​ទៅ​មុខ​យ៉ាង​ល្អ​ប្រសើរ។

លោក ពិសាល បាន​ថ្លែង​ថា៖ «ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ ស្រប​ពេល​ចំនួន​ប្រជាជន​មក​រស់នៅ​រាជធានី ភ្នំពេញ​កាន់​តែ​ច្រើន គឺ​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​ក្រុមហ៊ុន លី ហួរ គ្រុប សម្រេច​បោះ​ទុន​វិនិយោគ​លើ​គម្រោង​សាង​សង់​ដែល​មាន​ប្រាក់​ប្រហែល ១១៤ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​បុរី វិមាន ភ្នំពេញ និង​បុរី វិមាន ភ្នំពេញ ឌឹខមម័រសលហ្សូន»។

ប្រធាន​គម្រោង​អភិវឌ្ឍន៍​ខាង​លើ​បាន​ប្រាប់​ទៀត​ថា ការ​គូរ​ប្លង់ និង​តុប​តែង​ផ្ទះ​នីមួយៗ​ក្នុង​បុរី វិមាន ភ្នំពេញ និង បុរី វិមាន ភ្នំពេញ ឌឹខមម័រសល ហ្សូន សុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ១០០ ភាគរយ ដែល​ទាំង​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា វិស្វករ និង​ស្ថាបត្យករ​ខ្មែរ​ទាំង​អស់​សុទ្ធ​តែ​មាន​សមត្ថភាព​មិន​ចាញ់​ជន​បរទេស​ឡើយ។ លោក​បាន​បន្ត​ថា បុរី វិមាន ភ្នំពេញ​មាន​លំនៅឋាន​ជាច្រើន​ប្រភេទ​ដូច​ជា ផ្ទះ​ល្វែង វីឡា ស៊ីលវ័រ វីឡា គ្រីស្តាល់ វីឡា ស៊ុភើរៀ វីឡា ដាយអឹមិន និង​ភូមិ​គ្រឹះ​ប្រណីតៗ​ជាច្រើន​ទៀត ដោយ​ផ្ទះ​មាន​តម្លៃ​ចាប់​ពី ៧៧.០០០-៤៥០.០០០ដុល្លារ។

លោក​បាន​បញ្ជាក់​ថា៖ «ភាព​ជោគជ័យ​របស់​គម្រោង គឺ​ដោយ​សារ​ក្រុមហ៊ុន​មាន​ទិសដៅ និង​គោល​ជំហរ​ច្បាស់​លាស់»។

លោក​បាន​បន្ត​ទៀត​ថា៖ «យុទ្ធសាស្រ្ត​នៃ​ការ​លក់​ដោយ​មិន​យក​ការ​ប្រាក់​សម្រាប់​រយៈ​ពេល ២ ឆ្នាំ​ដំបូង​និង​អតិថិជន​អាច​បង់​រំលស់​ជាមួយ​ក្រុមហ៊ុន​រហូត​ដល់ ១៥ ឆ្នាំ គឺ​សុទ្ធ​តែ​ជា​កត្តា​សំខាន់​ដែល​ជំរុញ​ដល់​ភាព​ជោគជ័យ​នេះ»។

ទាក់​ទង​នឹង​ការ​ទិញ​លំនៅឋាន​លោក ពិសាល បាន​ប្រាប់​ថា មុន​នឹង​សម្រេច​ចិត្ត​ទិញ​លំនៅឋាន​ណា​មួយ​អតិថិជន​គួរ​តែ​ពិនិត្យ​មើល​គុណភាព​សំណង់​ឲ្យ​បាន​ច្បាស់​លាស់​និង​ពិនិត្យ​តើ​បុរី​នោះ​អាច​ធ្វើ​ប្លង់​រឹង​បាន​ដែរ​ឬ​ទេ?។

លោក សន សៀប ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ឃី រៀលអេស្ទេត បាន​និយាយ​ថា បុរី វិមាន ភ្នំពេញ​មាន​ចំណុច​ល្អ​ច្រើន ដោយ​សំណង់​មាន​គុណភាព​ល្អ​ផ្ទះ​មាន​ទំហំ​ធំ មាន​បរិស្ថាន​ល្អ ព្រម​ទាំង​មាន​តម្លៃ​សមរម្យ​ទៀត​ផង បើ​ប្រៀប​ធៀប​នឹង​ជាមួយ​ផ្ទះ​នៅ​ក្នុង​បុរី​ផ្សេងៗ​ទៀត បើ​ទោះ​បី​ជា​វា​មាន​ចម្ងាយ​ឆ្ងាយ​បន្តិច​ពី​កណ្តាល​រាជធានី​ភ្នំពេញ​ក៏​ដោយ។

លោក​បាន​បញ្ជាក់​ថា៖ «ការ​លក់​នៅ​ក្នុង​គម្រោង ទី១​របស់​បុរី វិមាន ភ្នំពេញ ទទួល​បាន​ជោគជ័យ ដោយ​សារ​សំណង់​មាន​គុណភាព​ល្អ​មាន​ទំហំ​ធំ​ទូលាយ និង​មាន​តម្លៃ​សមរម្យ»៕