ក្រុង ប៉េកាំងៈ ប្រទេស​ចិន​កំពុង​សិក្សា​ពី​លទ្ធភាព​វិនិយោគ​ប្រាក់​បម្រុង​មួយ​ចំណែក​នៃ​ប្រាក់​បម្រុង​ជា​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ចំនួន ៣,៤​ពាន់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​នៅ​អាមេរិក។ នេះ​បើ​យោង​តាម​ប្រភព​ពីរ​ដែល​បាន​ឲ្យ​ដឹង​ពី​ស្ថានការណ៍​នេះ។

ប្រភព​ដដែល​ដែល​បាន​ស្នើ​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​ដោយ​សារ​ពួក​គាត់​មិន​មាន​សិទ្ធិ ប្រាប់​ពី​បញ្ហា​នេះ​ជា​សាធារណៈ បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ប្តូរ​ប្រាក់​របស់​ចិន​បាន​ចាប់​ផ្តើម​សិក្សា​បន្ទាប់​ពី​ឃើញ​នូវ​សញ្ញា​បង្ហាញ​ពី​ការ​ស្ទុះ​ងើប​នៃ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​អាមេរិក។ ដោយ​ពុំ​បាន​បញ្ជាក់​លម្អិត​ពី​ពេល​វេលា ឬ​ព័ត៌មាន​លម្អិត​ផ្សេងៗ ប្រភព​ដដែល​នេះ បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​នឹង​ទិញ​យក​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​វិនិយោគ​ក្នុង​មូលនិធិ​អចលន​ទ្រព្យ ឬ​ទិញ​យក​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​អចលន​ទ្រព្យ​។ តែ​សុវត្ថិភាព​ក្នុង​ការ​វិនិយោគ​នេះ​គឺជា​អាទិភាព​ចម្បង។

ប្រទេស​ចិន​បាន​រៀប​ចំ​ប្រតិបត្តិការ​មួយ​នៅ​ទីក្រុង​ញូវយ៉ក ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​របស់​ចិន​នៅ​អាមេរិក ពោល​គឺ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​មួយ​របស់​អ្នក​គ្រប់​គ្រង​ប្រាក់​បម្រុង​ជា​រូបិយប័ណ្ណ​បរទេស​របស់​ចិន ដើម្បី​ធ្វើ​ពិពិធកម្ម​ផ្សេង​ទៀត​ក្រៅ​ពី​វិនិយោគ​លើ​បំណុល​របស់​រដ្ឋាភិបាល​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​សារ​ព័ត៌មាន Wall Street Journal កាល​ពី​សប្តាហ៍​មុន តាម​រយៈ​ការ​ដក​ស្រង់​សម្តី​របស់​ប្រភព​ដែល​មិន​ផ្តល់​អត្តសញ្ញាណ។

តម្លៃ​ផ្ទះ​សម្រាប់​គ្រួសារ​តូច​បាន​កើន​ឡើង ៨៩​ភាគរយ​នៅ​តាម​ទីក្រុង​មួយ​ចំនួន​នៅ​អាមេរិក​ក្នុង​ត្រីមាស​ទីមួយ ខណៈ​ទីផ្សារ​អចលន​ទ្រព្យ​បាន​បន្ត​ស្ទុះ​ងើប​ឡើង​វិញ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​រយៈ​ពេល ៥​ឆ្នាំ។ សមាគម​ជាតិ​ទីភ្នាក់ងារ​អចលន​ទ្រព្យ​អាមេរិក បាន​ឲ្យ​ដឹង​ក្នុង​របាយ​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា​ថា តម្លៃ​លក់​ជា​មធ្យម​បាន​កើន​ឡើង​នៅ​តំបន់​ទីក្រុង​ចំនួន ១៣៣ នៃ​ទីក្រុង​ចំនួន ១៥០ ដែល​បាន​វាស់​ស្ទង់​ធៀប​នឹង​ទីក្រុង​ចំនួន ៧៤ កាល​ពី​ឆ្នាំ​មុន​៕