ដោយ​សារ​តម្រូវ​ការ​លំនៅឋាន​របស់​ប្រជាជន​មាន​ការ​កើន​ឡើង និង​ការ​ទទួល​បាន​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់​នោះ​ម្ចាស់​បុរី ប៉េង​ហួត បច្ចុប្បន្ន​កំពុង​ធ្វើ​ការ​ពង្រីក​ទីតាំង​របស់​ខ្លួន​មួយ​បន្ថែម​ទៀត​ហើយ​ទៅ​កាន់ សង្កាត់​បឹង​ទំពុន។

អ្នក​ស្រី ទឹម ច័ន្ទបូរ៉ាវី អនុ​ប្រធាន​ផ្នែក​លក់​នៃ​បុរី ប៉េង ហួត បាន​ប្រាប់​ថា ការ​ដែល​បុរី ប៉េង ហួត ធ្វើ​ការ​អភិវឌ្ឍ​ឆ្ពោះ​ទៅ​កាន់​ទីតាំង​ក្នុង សង្កាត់​បឹង​ទំពុន ដោយ​សារ​ទីនោះ​មាន​ភាព​អំណោយ​ផល​ច្រើន​សម្រាប់​ការ​រស់​នៅ​ដូច​ជា​នៅ​ជិត​ផ្សារ​សាលា​រៀន ទីស្នាក់ការ​របស់​ក្រុម​ហ៊ុន និង​ស្ថាប័ន​រដ្ឋ​ជា​ច្រើន​ទៀត ពិសេស​តំបន់​នោះ​ស្ថិត​នៅ​ក្នុង​ក្រុង​ហើយ​ជា​ទី​ប្រជុំជន ដែល​សម្បូរ​ទៅ​ដោយ​ប្រជាជន​រស់​នៅ​កុះករ​អម​ទៅ​ដោយ​បរិយាកាស​ល្អ​បរិសុទ្ធ និង​មាន​ធម្មជាតិ​បៃតង​នៅ​ព័ទ្ធ​ជុំវិញ។

ទីតាំង​ថ្មី​នេះ​មាន​ផ្ទៃ​ដី​សរុប​ជាង ១០ ហិកតា​ដោយ​មាន​ការ​អភិវឌ្ឍ​ធ្វើ​ជា​ប្រភេទ​ផ្ទះ​ផ្សេងៗ ដូច​ជា វីឡាឃ្វីន វីឡា​ភ្លោះ និង​វីឡា​កូន​កាត់​ជាដើម។ នៅ​ក្នុង​គម្រោង​ខាង​លើ ក៏​មាន​សួនច្បារ ក្លិប​ហាត់​ប្រាណ និង​អាង​ហែល​ទឹក ដើម្បី​បំពេញ​តម្រូវ​ការ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ការ​កម្សាន្ត​របស់​អតិថិជន​ដែល​រស់​នៅ​ក្នុង​បុរី​នោះ​ផង​ដែរ។អ្នក​ស្រី ច័ន្ទបូរ៉ាវី បាន​ថ្លែង​ថា៖ «ការ​លក់​របស់​បុរី ប៉េង ហួត តែង​ទទួល​បាន​ជោគជ័យ ព្រោះ​អតិថិជន​មាន​ទំនុក​ចិត្ត​ទៅ​លើ​ការ​សាង​សង់​របស់​ក្រុម​ហ៊ុន​ដែល​ផ្តោត​ជា​សំខាន់​ទៅ​លើ​គុណភាព​និង​សោភណភាព​របស់​សំណង់​ជា​ចម្បង។ គ្រប់​គេហដ្ឋាន​ទាំង​អស់​ត្រូវ​បាន​រចនា និង​សាង​សង់​ឡើង​ដោយ​ស្ថាបត្យករ និង​វិស្វករ​ដែល​មាន​ជំនាញ​ច្បាស់​លាស់​ទាំង​ក្នុង​ស្រុក និង​មក​ពី​ក្រៅ​ប្រទេស ដោយ​ធ្វើ​យ៉ាង​ណា​ផ្តល់​ឲ្យ​អតិថិជន​នូវ​គេហដ្ឋាន​ដែល​មាន​ម៉ូដ​ស្អាត​រឹង​មាំ និង​មាន​ការ​រៀបចំ​តុប​តែង​យ៉ាង​ល្អ​ប្រណីត​ជូន​ដល់​អតិថិជន»។

ចំពោះ​សោភណភាព​វិញ គឺ​នៅ​គ្រប់​ទីតាំង​របស់​បុរី ប៉េង​ហួត សុទ្ធ​តែង​មាន​ការ​រៀបចំ​ឲ្យ​មាន​សួន​ធម្មជាតិ​ពណ៌​បៃតង ដោយ​មាន​ដើម​ឈើ​ធំៗ​នៅ​អម​តាម​ដង​ផ្លូវ ក៏​ដូច​ជា​មាន​សួនច្បារ​ធំ​ទូលាយ​មាន​កន្លែង​ហាត់​ប្រាណ និង​អាង​ហែល​ទឹក​ជាដើម។ ក្នុង​នោះ​ដែរ​បុរី ប៉េង ហួត ក៏​បាន​បង្កើត​ឲ្យ​មាន​ជា​ផ្សារ​ទំនើប ផ្សារ​សហគមន៍ ជា​ពិសេស​មាន​បង្កើត​ជា​សាលារៀន​ខ្នាត​អន្តរជាតិ ពី​ថ្នាក់ ទី១ ដល់​ថ្នាក់ ទី១២ ដើម្បី​បំពេញ​ឲ្យ​បាន​គ្រប់​តម្រូវ​ការ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​ផង​ដែរ។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​អ្នក​ស្រី ទឹម ច័ន្ទបូរ៉ាវី។

អនុ​ប្រធាន​ផ្នែក​លក់​នៃ​បុរី​ខាង​លើ​បាន​ប្រាប់​ទៀត​ថា គម្រោង​ក្នុង សង្កាត់​បឹង​ទំពុន នឹង​មាន​សក្តានុពល​ខ្លាំង​នា​ពេល​អនាគត ព្រោះ​ស្ថិត​នៅ​ជិត​ចំណុច​កណ្តាល​រាជធានី​ភ្នំពេញ នៅ​ក្បែរ​ដង​ទន្លេ មាន​សាលា ផ្សារ និង​ជា​ទី​ប្រជុំជន​ដែល​កំពុង​រីក​ចម្រើន​លឿន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

តម្លៃ​ផ្ទះ​ក្នុង​គម្រោង​នេះ​មាន​តម្លៃ​ចាប់​ពី ៦៩៨០០ ឡើង​ទៅ​អាស្រ័យ​ទៅ​តាម​ទីតាំង​ទំហំ​ដី និង​ប្រភេទ​ផ្ទះ​នីមួយៗ។ ការ​ឌីហ្សាញ​ក្រុម​ហ៊ុន​សុទ្ធ​តែ​ជា​គំនិត​ច្នៃ​ប្រឌិត​រវាង​ស្ថាបត្យករ​ខ្មែរ និង​ស្ថាបត្យករ​បរទេស​ដែល​បង្កើត​ជា​ប្រភេទ​ផ្ទះ​មាន​ការ​រួម​បញ្ចូល​គ្នា​រវាង​រចនាប័ទ្ម​ខ្មែរ និង​បរទេស​ដើម្បី​បំពេញ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អតិថិជន​នា​សម័យ​ទំនើប​នេះ។

លោក វ៉ន ចាន់ថន អគ្គ​នាយក​ក្រុម​ហ៊ុន ថោន ស៊ីធី រៀល​អេស្ទេត មាន​ប្រសាសន៍​ថា ភាព​ជោគ​ជ័យ​របស់​គម្រោង​បុរី ប៉េង ហួត គឺ​ដោយ​សារ​កត្តា​សំខាន់ៗ​ចំនួន​បួន គឺ ទី១ ការ​ជ្រើស​រើស​ទីតាំង​បាន​ល្អ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍ ទី២ គុណភាព​សំណង់ និង​ការ​ឌីហ្សាញ​ផ្ទះ​នីមួយៗ​មាន​ភាព​ទាក់​ទាញ ទី៣ ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​បុរី​មាន​ភាព​ទាក់​ទាញ​ទាំង​សួន​ច្បារ និង​កន្លែង​លម្ហែ​កាយ ទី៤ ការ​ផ្តល់​នូវ​ទំនុក​ចិត្ត​ដល់​អតិថិជន។

លោក ចេង ខេង អគ្គ​នាយក​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល និង​ជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា បាន​លើក​ឡើង​ស្រដៀង​គ្នា​នឹង​លោក ចាន់ថន ដែរ ដោយ​លោក​និយាយ​ថា ភាព​ជោគ​ជ័យ​របស់​បុរី ប៉េង ហួត គឺ​ដោយ​សារ​ក្រុម​ហ៊ុន​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​អតិថិជន តាម​រយៈ​ការ​សន្យា​បែប​ណា​ធ្វើ​បែប​នឹង។ បើ​ក្រុម​ហ៊ុន​មិន​ធ្វើ​តាម​ការ​សន្យា​ទេ នោះ​ក្រុម​ហ៊ុន​នឹង​មិន​ទទួល​បាន​ទំនុក​ចិត្ត​ខ្លាំង​ពី​អតិថិជន​បែប​នេះ​ទេ។ លោក​បន្ត​ថា សំណង់​របស់​បុរី ប៉េង ហួត តែង​មាន​គុណភាព​ល្អ មាន​ការ​រៀបចំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ និង​មាន​តំបន់​បៃតង​ដែល​ផ្តល់​ផាសុកភាព​សម្រាប់​អ្នក​រស់​នៅ​ខុស​ពី​បុរី​មួយ​ចំនួន​ដែល​ធ្វើ​គិត​តែ​យក​ប្រាក់​ចំណេញ។

លោក ចេង ខេង បាន​អះអាង​ថា៖ «តម្រូវ​ការ​លំនៅឋាន​នៅ​កម្ពុជា​នៅ​តែ​មាន​ច្រើន ព្រោះ​គ្រាន់​តែ​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​កើន​ឡើង​ជាង ១០០០០ គ្រួសារ​ជា​រៀង​រាល់​ឆ្នាំ​តែ​ការ​ផ្គត់​ផ្គង់​មិន​បាន ១០០០០ ខ្នង​ផ្ទះ​នោះ​ទេ​ក្នុង​មួយ​ឆ្នាំ»៕