ក្រុម​ហ៊ុន​អភិវឌ្ឍន៍​មួយ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​របស់ ប្រទេស​ថៃ Major Development Plc (MJD) បាន​ចាប់​ដៃ​គូ​ជាមួយ​ក្រុម​ហ៊ុន​វិនិយោគ​មក​ពី ប្រទេស​សិង្ហបុរី ដើម្បី​អភិវឌ្ឍ​ខុនដូ​មួយ​ដែល​ស្ថិត​នៅ​ទីតាំង​ល្អ​បំផុត​ក្នុង ក្រុង​បាងកក នៅ​ឆ្នាំ​ក្រោយ។

អ្នក​ស្រី Petrada Poolvoralaks នាយក​ប្រតិបត្តិ (MJD) បាន​ប្រាប់​ថា នេះ​ជា​លើក ទី៣ ហើយ​ដែល​ក្រុម​ហ៊ុន​អ្នក​ស្រី​វិនិយោគ​រួម​គ្នា​ជាមួយ​ក្រុម​ហ៊ុន​វិនិយោគ​មក​ពី ប្រទេស​សិង្ហបុរី។ តែ​ទោះ​បី​ជា​យ៉ាង​ណា អ្នក​ស្រី Petrada Poolvoralaks មិន​បាន​បញ្ចេញ​ឈ្មោះ​ក្រុម​ហ៊ុន​ថ្មី​នេះ​ទេ។

ក្រុម​ហ៊ុន​ដៃ​គូ​ថ្មី​មក​ពី ប្រទេស​សិង្ហបុរី ខាង​លើ​គ្រោង​នឹង​ចំណាយ​ទុន​វិនិយោគ​ជាង ១ ពាន់​លាន​បាត (ប្រហែល ៣០ លាន​ដុល្លារ​អាមេរិក) លើ​គម្រោង​នេះ។

ក្រុម​ហ៊ុន Major Development Plc កាល​ពី​ឆ្នាំ​មុន​បាន​ធ្វើ​ការ​វិនិយោគ​រួម​គ្នា​ជា​មួយ​នឹង​ក្រុម​ហ៊ុន​មក​ពី សិង្ហបុរី ចំនួន ២ គឺ​ក្រុម​ហ៊ុន GMM Singapore Real Estate Pte និង Must International Trading Pte។

កាល​ពី​ឆ្នាំ​មុន MJD បាន​លក់​ខុនដូ​ក្នុង​គម្រោង Marque Sukhumvit ស្ថិត​តាម​ផ្លូវ Sukhumvit Soi 39 ក្នុង​តម្លៃ ៣ សែន​បាត​ក្នុង ១ ម៉ែត្រ​ការ៉េ (ជិត ១ ម៉ឺន​ដុល្លារ) ខណៈ​ពេល​នេះ​គម្រោង​ខាង​លើ​លក់​បាន ៤០ ភាគ​រយ​ហើយ។

ការ​វិនិយោគ​ទុន​រួម​គ្នា​លើក​ដំបូង​របស់​ខ្លួន​ជាមួយ​ក្រុម​ហ៊ុន​មក​ពី ប្រទេស​សិង្ហបុរី គឺ​ក្នុង ឆ្នាំ​២០០៨ លើ​គម្រោង​សាង​សង់​ខុនដូ​ដែល​មាន​តម្លៃ ៣ ពាន់​លាន​បាត (ជិត ១០០ លាន​ដុល្លារ) តាម​ផ្លូវ Sukhumvit Soi 31។

ក្រុម​ហ៊ុន Major Development Plc នៅ​ឆមាស ទី២ ឆ្នាំ​នេះ​ក៏​គ្រោង​នឹង​អភិវឌ្ឍ​គម្រោង​ខុន​ដូ​ចំនួន ៣ ដែល​មាន​តម្លៃ​សរុប ៦ ពាន់​លាន​បាត (ជិត ២០០ លាន​ដុល្លារ) ផង​ដែរ។

អ្នក​ស្រី Petrada Poolvoralaks បាន​និយាយ​ថា៖ «យើង​មាន​ផែនការ​ចេញ​គម្រោង​ចំនួន ៧ នៅ​ឆ្នាំ​នេះ ប៉ុន្តែ​ស្ថានភាព​ក្នុង​ឆមាស ទី១ គឺ​មិន​អាច​ទៅ​រួច​ទេ ដោយ​យើង​នឹង​សាង​សង់​គម្រោង​ចំនួន ៤ ប៉ុណ្ណោះ និង​កំណត់​លក់​ដំបូង​ឲ្យ​បាន​ប្រាក់​ជិត ១០០ លាន​ដុល្លារ»។

ក្រុម​ហ៊ុន​រំពឹង​ថា នឹង​អាច​ទទួល​បាន​ប្រាក់​ចំណូល ៧ ពាន់​លាន​បាត​នៅ​ចុង​ឆ្នាំ​នេះ ខណៈ​កាល​ពី ឆ្នាំ​២០១៣ ទទួល​បាន​ត្រឹម​តែ ៣ ពាន់​លាន​បាត។ ទឹក​ប្រាក់ ២,០៥ ពាន់​លាន​បាត​នៃ​ចំណូល ៧ ពាន់​លាន​អាច​នឹង​ទទួល​បាន​ពី​ការ​លក់​អគារ​ការិយាល័យ Equinox នៅ​តាម​ផ្លូវ Vibhavadee Rangsit។

នៅ​ត្រីមាស ទី៣ ឆ្នាំ​ក្រោយ​ក្រុម​ហ៊ុន​ក៏​គ្រោង​នឹង​សាង​សង់​គម្រោង​ពីរ​បន្ថែម​ទៀត​ដែរ ដោយ​សណ្ឋាគារ​មាន​ចំនួន ៣០០ បន្ទប់​នៅ​តំបន់ Pattaya និង​អគារ​ការិយាល័យ​កម្ពស់ ១៨ ជាន់​នៅ​តាម​បណ្តោយ​ផ្លូវ Thong Lor Soi 10៕